កន្លែងសម្រាប់អ្នករាល់គ្នា
ប្តីប្រពន្ឋមួយគូរ បានទៅយកអ៊ំស្រីរបស់ខ្លួនដែលមានវ័យចំណាស់ មករស់នៅជាមួយ ប៉ុន្តែ ពួកគេខ្លាចក្រែងគាត់មិនមានអារម្មណ៍កក់ក្តៅ ក្នុងការរស់នៅជាមួយពួកគេ។ ដូច្នេះ ពួកគេបានកែបន្ទប់មួយ នៅក្នុងផ្ទះរបស់ពួកគេ ឱ្យមានលក្ខណៈដូចបន្ទប់ ដែលគាត់ធ្លាប់មាន ក្នុងផ្ទះពីមុន។ នៅពេលអ៊ំស្រីរបស់ពួកគេធ្វើដំណើរមកដល់ គាត់ក៏បានឃើញគ្រឿងសង្ហារឹម រួបភាពលម្អលើជញ្ជាំង ព្រមទាំងរបស់របរដទៃទៀតដែលគាត់ចូលចិត្ត នៅក្នុងបន្ទប់នោះ ធ្វើឲ្យគាត់មានអារម្មណ៍ថា ផ្ទះនោះហាក់ដូចជាផ្ទះរបស់គាត់ដែលកំពុងស្វាគមគាត់យ៉ាងពិសេស។
តាមបទគម្ពីរយ៉ូហាន ១៣:៣៦-១៤:៤ យើងដឹងថា នៅក្នុងពិធីលៀងព្រះអម្ចាស់លើកចុងក្រោយ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកសិស្សទ្រង់ ហើយបានមានបន្ទូលទៅកាន់ពួកគេ ដើម្បីឲ្យពួកគេត្រៀមខ្លួន សម្រាប់ការសុគត់របស់ទ្រង់។ ពេលលោកស៊ីម៉ូន ពេត្រុសទូលសួរទ្រង់ថា “ព្រះអម្ចាស់អើយ តើទ្រង់យាងទៅឯណា?” ព្រះយេស៊ូវបានឆ្លើយថា “កន្លែងដែលខ្ញុំទៅ នោះអ្នកពុំអាចនឹងទៅ តាមក្នុងគ្រាឥឡូវនេះបានទេ លុះគ្រាក្រោយទើបអ្នកទៅបាន”(១៣:៣៦)។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់លោកពេត្រុស(ក៏ដូចជាមានបន្ទូលត្រង់ៗទៅកាន់អស់អ្នកដែលដើរតាមទ្រង់)ថា “នៅក្នុងតំណាក់នៃព្រះវបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះខ្ញុំបានប្រាប់អ្នករាល់គ្នា ហើយខ្ញុំទៅរៀបកន្លែងឱ្យអ្នករាល់គ្នា។ បើខ្ញុំទៅរៀបកន្លែងឱ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ និងទទួលអ្នករាល់គ្នា ទៅឯខ្ញុំ ប្រយោជន៍ឱ្យអ្នករាល់គ្នា បាននៅកន្លែង ដែលខ្ញុំនៅនោះដែរ”(១៤:២-៣)។
នគរស្ថានសួគ៌ គឺជាកន្លែងជួបជុំគ្នារបស់គ្រីស្ទបរិស័ទទាំងអស់ ដែលបានមកពីគ្រប់កុល សម្ព័ន្ឋ គ្រប់ជាតិសាសន៍ តែនគស្ថានសួគ៌ក៏ជាដំណាក់របស់ព្រះវបិតាយើងដែរ ហើយក្នុងដំណាក់នោះទ្រង់កំពុងរៀបចំកន្លែងមួយសម្រាប់យើងម្នាក់ៗ។
ពេលដែលយើងទៅដល់ស្ថានសួគ៌ ហើយព្រះយេស៊ូវបើកទ្វារឲ្យយើងចូល នោះយើងនឹងបានដឹងថា នគរស្ថានសួគ៌គឺជាផ្ទះរបស់យើងរាល់គ្នា។—David McCasland
ការអញ្ផើញរបស់ព្រះវរបិតា
ក័ណ្ឌគម្ពីរអេសេគាល ជាកណ្ឌគម្ពីរសញ្ញាចាស់ ដែលបាននិយាយអំពើការជំនុំជម្រះ ដែលព្រះអម្ចាស់ទម្លាក់មកលើរាស្ត្ររបស់ទ្រង់ដែលមិនស្តាប់បង្គាប់។ ព្រះអម្ចាស់បានហៅពួកគេថា “សាសន៍ដែលរឹងចចេស ដែលបានបះបោរនឹងអញ”(២:៣) ហើយ “ជាកូនចៅមានមុខរឹង ហើយចិត្តខែង”(ខ.៤)។ ការពិពណ៌នាអំពីអំពើបាបរបស់ពួកគេ និងអំពីទោសដ៏ធ្ងន់ធ្ងរ ដែលពួកគេត្រូវទទួល ស្តាប់ទៅគួរឱ្យភ័យខ្លាចណាស់។ តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងពេលដ៏ខ្មៅងងឹត ព្រះអម្ចាស់ទ្រង់មានព្រះទ័យសោកសៅចំពោះរាស្ត្ររបស់ទ្រង់ ដែលកំពុងជាប់ជាឈ្លើយនៅចក្រភពបាប៊ីឡូន បានជាទ្រង់បង្ហាញសេចក្តីស្រឡាញ់ តាមរយៈការត្រាស់ហៅពួកគេ ឲ្យងាកមកដើរតាមផ្លូវនៃជីវិតវិញ។
គឺដូចដែលទ្រង់មានបន្ទូលថា “ចូរបោះបង់ចោលអំពើរំលងទាំងប៉ុន្មានរបស់ឯង ដែលឯងរាល់គ្នាប្រព្រឹត្ត នោះ ហើយឱ្យខ្លួនមានចិត្តថ្មី និងវិញ្ញាណថ្មីចុះ។ ដ្បិត ឱពូជពង្សអ៊ីស្រាអែលអើយ ឯងរាល់គ្នាចង់ស្លាប់ធ្វើអី? ពីព្រោះអញឥតមានសេចក្តីអំណរ ចំពោះការស្លាប់របស់អ្នកដែលត្រូវស្លាប់នោះទេ ដូច្នេះ ចូរឯងរាល់គ្នាវិលមក ដើម្បីឱ្យបានរស់នៅវិញ!”(១៨:៣១-៣២)។
ព្រះអម្ចាស់មិនបានប្រាប់យើងរាល់គ្នា ឲ្យមានអារម្មណ៍កើតទុក្ខកាន់តែខ្លាំងឡើងៗ ចំពោះសេចក្តីកំហុសរបស់យើងឡើយ ម្យ៉ាងទៀត ទ្រង់ក៏មិនឲ្យយើងខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីកាន់តាមក្រឹត្យវិន័យរបស់ទ្រង់ឲ្យបាននោះដែរ។ ផ្ទុយទៅវិញ ព្រះទ្រង់បានហៅយើងឱ្យមកទទួលនូវប្រភពនៃការលើកទឹកចិត្ត និងកម្លាំងថ្មីៗ ពោលគឺ “មកទទួលចិត្តថ្មី និងវិញ្ញាណថ្មី”ពីទ្រង់(៣៦:២៦-២៧)។
បើអ្នកកំពុងតែមានអារម្មណ៍ថា ខ្លួនកំពុងតែវង្វេងចេញកាន់តែឆ្ងាយពីព្រះ ហើយមានអារម្មណ៍ថាទ្រង់បោះបង់ចោលអ្នកហើយ នោះពេលនេះជាពេលដែលត្រូវក្រសោបយកសេចក្តីពិតហើយ។ តើអ្នកនឹងទទួលយកការអញ្ផើញរបស់ព្រះវបិតា “ដោយងាកមករកទ្រង់វិញ ដើម្បីមានជីវិតរស់” ក្នុងថ្ងៃនេះឬទេ?—David McCasland
អ្នកដែលព្រះសព្វព្រះទ័យ
ក្នុងពីធីរៀបអភិសេកនៃព្រះអង្គម្ចាស់វីលៀម(William) ជាមួយកញ្ញាខេត មីឌលតុន(Kate Middleton) នៅឯព្រះវិហារវេស មីនស្ទ័រ អាប៊ី(Westminster Abbey) លោកអភិបាលព្រះវិហារប្រចាំនៅទីក្រុងឡុង បានចាប់ផ្តើមថ្លែងសន្ទរកថា ដោយដកស្រង់សម្តីរបស់សង់ ខេធ័ររីន នៃក្រុងសេណា(St. Catherine of Siena) ថា “ចូរធ្វើជាបុគ្គលម្នាក់ដែលព្រះអម្ចាស់សព្វព្រះទ័យ នោះអ្នកនឹងធ្វើឱ្យលោកិយនេះឆេះ”។ មានមនុស្សជាច្រើន ដែលបានទស្សនាតាមទូរទស្សន៍ បានប៉ះពាល់ចិត្តយ៉ាងខ្លាំង ខណៈពេលដែលលោកអភិបាលបាននិយាយប្រកាស់ថា អ្នកទាំងពីរបានសម្រេចចិត្ត“រៀបអភិសេក នៅក្នុងអធិបតីភាពនៃព្រះដ៏សប្បុរស ដែលទ្រង់បានស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាទ្រង់លះបង់ព្រះជន្ម សម្រាប់យើងរាល់គ្នា ដោយព្រះនាមថា ព្រះយេស៊ូវគ្រីស្ទ”។ បន្ទាប់មកលោកក៏បានលើកទឹកចិត្តគូរស្វាមីភរិយាមួយគូរនេះ ឲ្យដេញតាមសេចក្តីស្រឡាញ់ ដែលមានព្រំដែនហួសសេចក្តីស្រឡាញ់ ដែលពួកគេមានចំពោះគ្នាទៅវិញទៅមកទៅទៀត។
ប្អូនប្រុសរបស់កូនក្រមុំក៏បានអានបទគម្ពីររ៉ូម ជំពូក១២ ដែលបានចែងថា “ដូច្នេះបងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នាដោយសេចក្តីមេត្តាករុណានៃព្រះ ឱ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ឋ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នា ដែលមានទំនង។ កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែរជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យរបស់ព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង”(ខ.១-២)។
ការរៀបអភិសេកនៃខ្សែរាជ្យវង្សនេះ បានរំឭកយើងគ្រប់គ្នា ទាំងអ្នកនៅលីវ ក៏ដូចជាអ្នកដែលបានរៀបការហើយ អំពីសេចក្តីពិតធំៗ២យ៉ាង ដូចជា (១).សេចក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលព្រះមានចំពោះយើងគ្រប់គ្នា ដែលបានបង្ហាញចេញមក…
ការត្រាស់ហៅឲ្យប្តេជ្ញាចិត្ត
មានក្លឹបសុខភាព និងក្លិបហាត់ប្រាណជាច្រើន បានរំពឹងថានឹងមានមនុស្សយ៉ាងច្រើនជោរជន់ មកចូលរួមក្នុងខែមេសា ទោះពួកគេមកចូលរួមតែពីរបីដងក៏ ដោយ។ ទោះជាអ្នកទាំងនោះគ្រាន់តែបង់ប្រាក់ ហើយឈប់ត្រឡប់មកវិញក៏ដោយ ក៏ម្ចាស់ក្លឹបទាំងនោះមិនខ្វល់ដែរ។ ប៉ុន្តែ គ្រូបង្វិកឈ្មោះចេស៊ី ចូន(Jesse Jones) បានប្រើវិធីសាស្រ្តផ្ទុយពីនេះ។ ប្រសិនបើអ្នកចុះឈ្មោះហើយ តែមិនឃើញមកហាត់ប្រាណទៀតទេ គាត់នឹងលប់ឈ្មោះអ្នកចេញជាមិនខាន។ លោកចូនមានប្រសាសន៍ថា “សូមសន្សំលុយរបស់អ្នក។ ពីរបីខែក្រោយមកទៀត ពេលដែលអ្នកដឹងច្បាស់ថា ខ្លួនចង់ហាត់ប្រាណ សូមមកជួបខ្ញុំចុះ។ គោលបំណងជាចម្បងរបស់ខ្ញុំ គឺមិនមែនចង់បានថ្លៃឈ្នួល ដែលអ្នកបង់សម្រាប់រយៈពេលបីខែនោះទេ...តែយើងចង់ឲ្យអ្នកមានការទទួលខុសត្រូវ ក្នុងការឈានទៅដល់គោលដៅ”។
ក្នុងបទគម្ពីរលូកា ៩:៥៧-៦២ យើងឃើញថា មានមនុស្សបីនាក់ទូលព្រះយេស៊ូវថា ពួកគេចង់ដើរតាមទ្រង់ ប៉ុន្តែ ព្រះអម្ចាស់ទ្រង់ក៏បានមានបន្ទូលតប ដោយពាក្យធ្ងន់ៗថា “កូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ”(ខ.៥៨)។ “ទុកឲ្យពួកមនុស្សស្លាប់កប់ខ្មោចពួកគេចុះ”(ខ.៦០)។ “អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ”(ខ.៦២)។ ត្រង់ចំណុចនេះ ព្រះយេស៊ូវបានបញ្ជាក់ដល់ពួកគេម្នាក់ៗថា ដើម្បីក្លាយជាសិស្សព្រះយេស៊ូវយើងត្រូវតែមានការលះបង់ និងការប្តេជ្ញាចិត្ត។
មានបុរសម្នាក់ដែលខ្ញុំបានកោតសរសើរថា គាត់ជាអ្នកដើរតាមព្រះគ្រីស្ទ ដែលមានការប្តូរប្តេជ្ញ និងងាយឆ្លើយតបចំពោះព្រះ។ គាត់បានមានប្រសាសន៍ថា គ្រីស្ទបរិស័ទចាំបាច់ត្រូវ “ត្រៀមខ្លួនធ្វើការប្តេជ្ញាចិត្ត និងកែប្រែ”។ ព្រះអម្ចាស់មិនគ្រាន់តែបានត្រាស់ហៅយើង ឲ្យមានការផ្លាស់ប្រែប៉ុណ្ណោះទេ តែថែមទាំងបានឲ្យយើងរាប់ការត្រាសហៅនោះ ជាសំខាន់ ដោយដើរតាមទ្រង់។ _David McCasland
ព្រះទ្រង់ស្រឡាញ់មិនដែលខាន
កណ្ឌគម្ពីរហូសេ ជាកណ្ឌគម្ពីរសញ្ញាចាស់ និងជារឿងមួយ ដែលឆ្លុះបញ្ចាំងអំពីសេចក្តីស្រឡាញ់ដ៏ស្មោះ ត្រង់ ដែលព្រះអម្ចាស់មានចំពោះរាស្រ្តដែលមិនស្មោះត្រង់។ ក្នុងសាច់រឿងដែលហាក់ដូចជាចម្លែកនេះ ព្រះអម្ចាស់បាន បង្គាប់លោកហូសេឲ្យរៀបការជាមួយស្រ្តីម្នាក់ ដែលក្រោយមកនាងបានផិតក្បត់ ជាហេតុបណ្តាលឲ្យគាត់មានទុក្ខសោក(ហូសេ ១:២-៣)។ បន្ទាប់ពីនាងបានរត់ចោលលោកហូសេ ដើម្បីទៅរួមរស់ជាប្រុសផ្សេងទៀត ព្រះអម្ចាស់ក៏បានបង្គាប់លោកហូសេ ឲ្យទៅយកនាងមកវិញ ដែលនេះជានិមិត្តរូបដំណាងឲ្យ “សេចក្តីស្រឡាញ់ដែលព្រះអម្ចាស់មាន ចំពោះរាស្រ្តអ៊ីស្រាអែល ដែលបានងាកទៅថ្វាយបង្គំព្រះដទៃទៀត”(៣:១)។
ក្រោយមកទៀត ព្រះអម្ចាស់បានបង្គាប់លោកហូសេឲ្យប្រកាស់ប្រាប់ប្រជាជនអ៊ីស្រាអែលថា ដោយសារតែពួកគេបះបោរទាស់នឹងទ្រង់ នោះពួកគេនឹងត្រូវនាំទៅជាឈ្លើយរបស់ពួកបរទេស។ ហើយគាត់បានប្រាប់ពួកគេទៀតថា “ហេតុនោះនឹងមានការជ្រួលជ្រើមកើតឡើងក្នុងជនជាតិឯង អស់ទាំងបន្ទាយរបស់ឯងនឹងត្រូវបំផ្លាញ”(១០:១៤)។
ទោះជាពួកគេបានប្រព្រឹត្តអំពើបាប និងស្ថិតក្នុងការជំនុំជម្រះក៏ដោយ ក៏ព្រះគុណទ្រង់នៅតែមានជានិច្ចសម្រាប់ពួកគេ។ គាត់ក៏បាននិយាយលើកទឹកចិត្តពួកគេថា “ចូរសាបព្រោះសំរាប់ខ្លួនដោយសុចរិត ហើយច្រូតកាត់ដោយសេចក្តីសប្បុរស ចូរកំសុលដីរបស់ឯងឡើង ដ្បិតដល់ពេលយើងគួរស្វែងរកព្រះយេហូវ៉ា ទាល់តែទ្រង់យាងមកបង្អុរ ឲ្យភ្លៀងជាសេចក្តីសុចរិតមកលើឯងរាល់គ្នា”(១០:១២)។
ទោះជាយើងរាល់គ្នាបាន “ភ្ជួរជាអំពើអាក្រក់” ហើយ “ច្រូតកាត់ជាសេចក្តីទុច្ចរិត” ក៏ដោយ(១០:១៣) ក៏ព្រះទ្រង់នៅតែមិនដែលឈប់ស្រឡាញ់យើងឡើយ។ ទោះថ្ងៃនេះ យើងកំពុងជួបស្ថានភាពបែបណាក៏ដោយ ក៏យើងនៅតែអាចវិលត្រឡប់មករកព្រះអម្ចាស់វិញ ហើយសុំការអត់ទោសបាបពីទ្រង់ ដើម្បីឲ្យយើងអាចចាប់ផ្តើមសារជាថ្មីបាន។ សេចក្តីស្រឡាញ់របស់ទ្រង់មិនចេះផុតឡើយ!_David McCasland
តុដែលវែងជាងគេ លើពិភពលោក
នៅ ថ្ងៃអាទិត្យទី១៨ ខែកក្កដា ឆ្នាំ២០១០ មហាវិថីដ៏មមាញឹកមួយនៅអឺរ៉ុប បានក្លាយជា “តុដ៏វែងជាងគេលើពិភពលោក”(អ្នកខ្លះបានហៅមហាវិថីនេះយ៉ាងដូចនេះឯង)។ ពួកមន្រ្តីបានបិទកំណាត់ផ្លូវប្រវែង៦០គីឡូម៉ែត្រ របស់ផ្លូវA40 អូតូបាញ(Autobahn) នៅតំបន់រូ(Ruhr) ប្រទេសអាល្លឺម៉ង់ ដើម្បីឲ្យប្រជាពលរដ្ឋអាចដើរ ជិះកង់ ឬអង្គុយនៅនឹងតុណាមួយ ក្នុងចំណោមតុទាំង២ម៉ឺន ដែលគេបានតម្រៀបរួចជាស្រេច នៅតាមផ្លូវនោះ។ ជាសរុប មាន មនុស្សប្រហែល២លាននាក់ មកចូលរួមយ៉ាងសប្បាយរីករាយ ក្នុងពិធីមួយ ដែលនាយកនៃពិធីនេះ បានសង្ឃឹមថា នឹងបានតភ្ជាប់ទំនាក់ទំនងរវាងអ្នកចូលរួម ដែលមកពីវប្បធម៌ មកពីជំនាន់មនុស្ស និងមកពីប្រជាជាតិជាច្រើន។
ព្រឹត្តការណ៍នេះបានធ្វើឲ្យខ្ញុំគិតដល់តុដែលមានប្រវែងវែងជាងនេះទៅទៀត ដែលនឹងត្រូវបានរៀបចំទុក សម្រាប់ឲ្យអ្នកជឿព្រះជួបជុំគ្នាបរិភោគអាហារ ក្នុងពិធីលៀងព្រះ អម្ចាស់។ ក្នុងអំឡុងពេលធ្វើពិធីលៀងព្រះអម្ចាស់ យើងនឹកចាំអំពីការសុគតរបស់ព្រះយេស៊ូវ ដែលបានជួយសង្រ្គោះយើង ទន្ទឹមនឹងនោះ យើងក៏ទន្ទឹងរង់ចាំការយាងមកវិញរបស់ទ្រង់ ដែលជាព្រឹត្តិការណ៍ដ៏ធំបំផុតរបស់ទ្រង់។
មុនពេលគេយកព្រះយេស៊ូវទៅឆ្កាង ទ្រង់បានបរិភោគអាហារបុណ្យរំលងជាមួយពួកសិស្ស ដោយបន្ទូលថា “ចាប់ពីពេលនេះតទៅមុខ ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថ្ងៃណាដែលខ្ញុំនឹងផឹកជាថ្មីជាមួយអ្នករាល់គ្នា ក្នុងនគរព្រះវរបិតានៃខ្ញុំ”(ម៉ាថាយ ២៦:២៩)។
ព្រះអម្ចាស់នឹងរៀបតុនោះ ដើម្បីបង្រួបបង្រួមមនុស្សគ្រប់រូប ដែលព្រះគ្រីស្ទបានប្រោសលោះ ដោយព្រះលោហិតទ្រង់ ដែលអ្នកទាំងនោះមកពី “គ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍” (វិវរណៈ ៥:៩)។ ថ្ងៃមួយនៅកន្លែងជួបជុំគ្នា…
ស្អិតជាប់គ្នា
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកវិទ្យាសាស្រ្តបានមានចម្ងល់ អំពីរបៀបដែលសត្វស្រមោចភ្លើង អាចរួចជីវិតពីទឹកជំនន់ ដែលអាចបំផ្លាញជីវិតពួកវាបាន ស្របពេលដែលខ្លួនរបស់ពួកវាមានម៉ាស់ធ្ងន់ជាងទឹកនោះ។ តើធ្វើដូចម្តេចឲ្យសត្វស្រមោចមួយសំបុក អាចប្រមូលតោងគ្នាបង្កើតជាក្បូន សម្រាប់សង្រ្គោះជីវិតបានរាប់សប្តាហ៍? អត្ថបទមួយ ដែលចេញផ្សាយក្នុង សារព័ត៌មានឡូស អេនជេលេស ថាម(Los Angeles Times) បានពន្យល់ថា ពួកវិស្វករមកពីវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋចចចា បានរកឃើញថា រោមដ៏តូចល្អិតនៅលើខ្លួនរបស់សត្វស្រមោច បានទាក់ពពុះទឹកជាប់នឹងដងខ្លួនវា ជាហេតុធ្វើឲ្យសត្វល្អិតប្រភេទនេះរាប់ពាន់ក្បាល “ដែលខំប្រវេប្រវ៉ា និង តស៊ូរៀងៗខ្លួន” អាចបណ្តែតខ្លួនតាមទឹកជំនន់ ដោយការតោងគ្នាយ៉ាងជាប់។
ជាញឹកញាប់ ព្រះគម្ពីរសញ្ញាថ្មីបានបង្រៀនថា យើងត្រូវការការរួបរួមជាមួយបងប្អូនរួមជំនឿ ក្នុងព្រះគ្រីស្ទ ដើម្បីឲ្យយើងអាចបន្តរស់នៅជាគ្រីស្ទបរិសុទ្ធ និងរីកលូតលាស់ខាងវិញ្ញាណ។ ក្នុងបទគម្ពីរអេភេសូរ ជំពូក៤ សាវ័កប៉ុលបានចែងថា “កុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្តីបង្រៀនបោក ហើយផាត់យើងចុះឡើង”។ គាត់ក៏បានចែងទៀតថា “ចូរកាន់តាមសេចក្តីពិត ដោយសេចក្តីស្រឡាញ់វិញ នោះឲ្យយើងបានធំឡើង ខាងឯគ្រប់ការទាំងអស់ក្នុងទ្រង់ ដែលទ្រង់ជាសិរសា គឺជាព្រះគ្រីស្ទ ដែលរូបកាយទាំងមូល បានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនិមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់”(ខ១៤-១៦)។
បើយើងនៅម្នាក់ឯងទេ នោះមុខជាលិចលង់ជាមិនខាន ប៉ុន្តែ បើយើងរួបរួមគ្នា ហើយរីកចម្រើនជាមួយគ្នានៅក្នុងព្រះអម្ចាស់ នោះយើងអាចជម្នះព្យុះភ្លៀងទាំងអស់។…
តើយើងមើលឃើញនរណា?
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកម្មវិធីទូរទ-ស្សន៍ រូបថតដោយមិនដឹងខ្លួន របស់លោកអាលែន ហ្វុន(Allen Funt) បានផ្តល់ការកម្សាន្តសប្បាយដល់ទស្សនិកជន ដោយប្រើកាំមីរ៉ាបង្កប់ ដើម្បីផ្តិតយករូបភាពកំប្លែងៗ ដែលកើតមានពេលមនុស្សទូទៅមានប្រតិកម្មឆ្លើយតប ចំពោះស្ថានភាពដែលកើតឡើងដោយមិនដឹងខ្លួន។ កូនរបស់គាត់ គឺលោកភីធ័រ(Peter)បានបកស្រាយអំពីវិធីសាស្រ្តរបស់ពួកគេថា “យើងជឿថា មនុស្សមានភាពអស្ចារ្យ ហើយយើងបានចេញទៅថតរូបភាព ដើម្បីបញ្ជាក់ថា ពួកគេពិតជាអស្ចារ្យមែន”។ នៅក្នុងកម្មវិធីដែលស្រដៀងគ្នាដទៃទៀត លោកភីធ័រយល់ថា “មនុស្សមានភាពល្ងីល្ងើ ហើយយើងនឹងស្វែងរកវិធីបង្ហាញថា ពួកគេពិតជាល្ងីល្ងើមែន”។ ការអត្ថាធិប្បាយរបស់គាត់ បានបង្អុលបង្ហាញថា ដែលយើងមានទស្សនៈយ៉ាងណាចំពោះអ្នកដទៃ នោះយើងក៏នឹងប្រព្រឹត្តចំពោះគេយ៉ាងនេះដែរ។
ប្រជាជននៅក្រុងយេរីខូ មានការរវាតចិត្ត ពេលព្រះយេស៊ូវយាងចូលក្នុងផ្ទះរបស់លោកសាខេ ដែលជាអ្នកយកពន្ធ។ “កាលមនុស្សទាំងអស់បានឃើញដូច្នោះ នោះគេរទូរទាំថា លោកបានចូលទៅស្នាក់នៅ ក្នុងផ្ទះរបស់មនុស្សមានបាប” (លូកា ១៩:៧)។ ប៉ុន្តែ ពេលលោកសាខេមានការប្រែចិត្ត ដ៏ស៊ីជម្រៅ(ខ.៨) ព្រះយេស៊ូវមានមានបន្ទូលប្រាប់គាត់ថា “ថ្ងៃនេះ សេចក្តីសង្គ្រោះបានមកដល់ផ្ទះនេះហើយ… ដ្បិតកូនមនុស្សបានមក ដើម្បីនឹងរក ហើយជួយសង្គ្រោះដល់មនុស្សបាត់បង់”(ខ.៩-១០)។
មិត្តភ័ក្ររបស់ខ្ញុំ គឺលោកបប់ ហ៊នន័រ(Bob Horner) បានប្រាប់ខ្ញុំថា “ពេលយើងយល់ថា អ្នកដទៃគឺជាមនុស្សចោលម្សៀត នោះយើងក៏ប្រព្រឹត្តចំពោះពួកគេ ដោយការមើលងាយ។ ពេលយើងយល់ថា ពួកគេជាមនុស្សបាត់បង់ នោះយើងក៏ប្រព្រឹត្តចំពោះគេ ដោយការអាណិតអាសូរ”។ ព្រះយេស៊ូវមិនបានទតឃើញថា…
ចំណោតដ៏រអិលនៃជ័យជម្នះ
ក្នុងចំណោម សំណេរខ្លីៗដើមដំបូងទាំង១៩០០០ ដែលត្រូវបានសរសេរដោយបណ្ឌិតអូ អេ បាទីស្តា(O. A. Battista) ដែលជាគីមីវិទូ និងអ្នកនិពន្ធ មានសំណេរខ្លីមួយ ដែលកើតឡើងពីការសង្កេតមើលដ៏ឆ្លាតវ័យថា “អ្នកបានឈានទៅដល់កម្រឹតកំពូលនៃជោគជ័យ ពេលដែលអ្នកលែងមានចំណាប់អារម្មណ៍ ចំពោះលុយ ឬការសរសើរ ឬក៏មុខមាត់ក្នុងសង្គម”។ តែគួរឲ្យស្តាយណាស់ ជាញឹកញាប់ យើងទទួលលទ្ធផលបញ្រ្ចាស់ ពេលដែលការអ្វីដែលយើងបានធ្វើ ត្រូវបានគេសរសើរ និងឲ្យរង្វាន់។ និយាយរួម ចិត្តដែលមានការបន្ទាបខ្លួន អាចក្លាយជាក្បាលដែលរីកធំភ្លាម។
មុនពេលសូលជិតដល់ពេលទទួលការចាក់ប្រេងតាំងជាស្តេច គាត់បានយល់ថា ខ្លួនគាត់គ្រាន់តែជាសមាជិកនៃគ្រួសារដ៏តូចមួយ នៅក្នុងពូជអំបូដ៏តូចបំផុតនៃសាសន៍អ៊ី-ស្រាអែល(១សាំយ៉ូអែល ៩:២១)។ ទោះជាយ៉ាងណាក៏ដោយ ពីរបីឆ្នាំក្រោយមក ស្តេចអង្គនេះបានឲ្យគេសង់វិមានមួយ ដើម្បីលើកតម្កើងព្រះនាមខ្លួនឯង ហើយក៏បានកាន់អំណាច ដោយលែងស្តាប់អ្នកដទៃ(១៥:១១-១២)។ ហោរ៉ាសាំយ៉ូអែលក៏ប្រឈមមុខដាក់ស្តេចសូល ដោយសារការមិនស្តាប់បង្គាប់របស់ទ្រង់ ដោយក្រឿនរំឭកទ្រង់ថា “ក្នុងកាលដែលទ្រង់នៅថោកទាបដល់ព្រះនេត្រនៃអង្គទ្រង់ នោះតើព្រះមិនបានតាំងទ្រង់ឡើង ឲ្យធ្វើជាមេលើពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មានទេឬអី”(ខ.១៧)។
ការលើកតម្កើងខ្លួនឯង គឺជាការបោះជំហានទីមួយ ចុះតាមចំណោទដ៏រអិល នៃការអ្វីដែលយើងបាន យល់ថា ជាជោគជ័យ។ ការនេះចាប់ផ្តើម ពេលដែលយើងសរសើរខ្លួនឯង ចំពោះជ័យជម្នះដែលព្រះប្រទាន ហើយបន្ថែមបន្ថយព្រះរាជបញ្ជារបស់ទ្រង់ ដើម្បីបំពេញចិត្តខ្លួនឯង។ ជ័យជម្នះដ៏ពិត គឺជាការដើរតាមផ្លូវរបស់ព្រះ ដោយមិនងាករេ ដោយអនុវត្តតាមព្រះបន្ទូលទ្រង់ និងថ្វាយការសរសើរដល់ទ្រង់ ជាជាងចង់បានការសរសើរសម្រាប់ខ្លួនឯង។-David McCasland
ខ្មាំងសត្រូវនៃការទុកចិត្ត
មេបញ្ជាការកងទ័ព តែងតែចង់មានទាហានគ្រប់ចំនួន ដើម្បីបំពេញបេសកកម្មរបស់ខ្លួន។ ពួកគេភាគច្រើនចង់មានទាហានច្រើនលើសលប់ ជាជាងមានចំនួនតិចតួចពេក ប៉ុន្តែ មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែយល់ស្របគ្នាថា កងទ័ពត្រូវមានចំនួនប៉ុន្មាន ទើបគ្រប់គ្រាន់នោះឡើយ។
ពេលលោកគេឌានបានជ្រើសរើសទ័ព ដែលមានគ្នា៣២០០០នាក់ ដើម្បីតតាំងនឹងពួកសាសន៍ដែលសង្កត់សង្កិនពួកអ៊ីស្រាអែល ព្រះអម្ចាស់ទ្រង់ក៏បានមានបន្ទូលទៅគាត់ថា “ចំនួនមនុស្សដែលនៅជាមួយនឹងឯង មានគ្នាច្រើនពេកណាស់ នឹងឲ្យអញប្រគល់ពួកម៉ាឌានមក ក្នុងកណ្តាប់ដៃគេ មិនបានឡើយ ក្រែងពួកអ៊ីស្រាអែលអួតខ្លួន ទាស់នឹងអញវិញ ដោយថា អញបានជួយសង្គ្រោះខ្លួនអញទេ”(ពួកចៅហ្វាយ ៧:២)។
ដូចនេះ ព្រះអម្ចាស់ក៏បានចាប់ផ្តើមបន្ថយចំនួនទ័ពរបស់លោកគេឌាន។ ពេលទ្រង់អនុញ្ញាតឲ្យអ្នកដែលភ័យខ្លាចចាកចេញពីជួរទ័ព នោះមានពួកប្រុសៗ២២០០០នាក់បានត្រឡប់ទៅផ្ទះវិញ(ខ.៣)។ ការកាត់ចំនួនជាលើកទីពីរ បានបន្ថយកងពលដែលនៅសល់១០០០០នាក់ ឲ្យធ្លាក់មកត្រឹមចំនួន៣០០នាក់វិញ ដែលក្នុងនោះព្រះអម្ចាស់បានមានបន្ទូលអំពីអ្នកទាំងនោះថា “អញនឹងជួយសង្គ្រោះឯងរាល់គ្នា ហើយប្រគល់ពួកម៉ាឌានមកក្នុងកណ្តាប់ដៃឯង ដោយសារមនុស្ស៣០០នាក់…”(ខ.៧)។ ហើយការនោះក៏បានកើតឡើងយ៉ាងដូច្នោះមែន(ខ.១៩-២៣)។
នៅក្នុងការរស់នៅដោយជំនឿ ធនធានរបស់យើងអាចក្លាយជាខ្មាំងសត្រូវនៃការទុកចិត្តព្រះ។ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងពឹងផ្អែកលើទ្រង់ គឺមិនមែនពឹងផ្អែកទៅលើកម្លាំងរបស់យើងទេ កម្លាំងនោះជាកម្លាំងខាងរូបកាយ ខាងហិរញ្ញវត្ថុ ឬប្រាជ្ញារបស់យើងនោះទេ។
ពេលដែលព្រះអម្ចាស់កាត់បន្ថយធនធានរបស់យើង ពីចំនួន “៣២០០០ ទៅ៣០០” ទ្រង់មិនមែនកំពុងតែដាក់ទោសយើងទេ។ ទ្រង់ធ្វើការនេះ ដើម្បីរៀបចំផ្លូវឲ្យយើងថ្វាយសិរីល្អដល់ទ្រង់ តាមរយៈជីវិតរបស់យើង ពេលដែលយើងទទួលស្គាល់ និងទុកចិត្តអំណាចចេស្តា ទ្រង់។-David McCasland